ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូផ្តាច់មុខ ក្នុងការបើកដំណើរការហាងទំនិញទំនើប emart24 នៅតាមបណ្តាញស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម

News | July 22, 2026 | By: MarComm

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹង ហាងទំនិញទំនើប emart24។ កិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់យើង ក្នុងការរួមបញ្ចូលនូវឧត្តមភាពប្រតិបត្តិការ និងការពង្រីកសក្តានុពលអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងជាសក្ខីភាពសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព និងជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពជោគជ័យយូរអង្វែងរួមគ្នា។

តាមរយៈភាពជាដៃគូអាជីវកម្ម ស្ថាប័នទាំងពីរមានគោលដៅក្នុងការបង្កើតនូវភាពស៊ីសង្វាក់គ្នា ដោយរួមបញ្ចូលគ្នារវាងបណ្តាញស្ថានីយប្រេងឥន្ធនៈ និងហាងទំនិញទំនើប។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជំរុញកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់នូវភាពងាយស្រួលអតិបរមា។ អតិថិជនអាចបញ្ជូលប្រេងឥន្ធនៈ ព្រមទាំងជាវទំនិញប្រកបដោយស្តង់ដារអន្តរជាតិ ក្នុងពេលតែមួយយ៉ាងងាយស្រួល។

លោកស្រី មាស គន្ធា អគ្គនាយិការងប្រតិបត្តិ ប៊ីវីអឹម បានមានប្រសាសន៍ថា “BVM Petroleum ដែលឈ្មោះពេញរបស់យើងគឺ Bright Victory Mekong Petroleum បានមានវត្តមានជិត ២ ទសវត្សរ៍មកហើយ ក្នុងការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីអាជីវករ និងអតិថិជនអ្នកប្រើប្រាស់ប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទស្សនវិស័យរបស់យើង មិនមែនត្រឹមតែជាការចែកចាយប្រេងឥន្ធនៈនោះទេ តែពួកយើងផ្តោតសំខាន់លើការផ្តល់បទពិសោធន៍ដែលមានភាពទាន់សម័យ មានភាពងាយស្រួល ផ្តល់នូវផាសុកភាពដល់អ្នកប្រើប្រាស់ ដែលលើសពីការចាក់ប្រេងឥន្ធនៈ។ កិច្ចសហប្រតិបត្តិការជាមួយ emart24 នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់យើង ក្នុងការផ្តល់សេវាកម្មកាន់តែល្អប្រសើរ និងទំនើបជូនដល់សហគមន៍របស់យើង។”

លោកស្រីបានបន្ថែមថា “យើងខ្ញុំជឿជាក់ថា នៅពេលដែលភាគីទាំងសងខាង នាំនូវភាពខ្លាំងរៀងខ្លួនមកបញ្ចូលគ្នា សក្តានុពលនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ច (business ecosystem) មួយនឹងកើតឡើង ។ នេះហើយ ជាប្រភេទកិច្ចសហប្រតិបត្តិការដែលយើងជឿជាក់ថា នឹងកើតចេញពីការបោះជំហានរបស់យើងក្នុងពេលនេះ។”

“នាងខ្ញុំ ក៏មានជំនឿចិត្តដូចទៅនឹង emart24 ដែរថា អនុស្សរណៈនៃការយោគយល់ផ្តាច់មុខមួយនេះ គឺលើសពីក្រដាសស្នាម។ ប៉ុន្តែ វាគឺជាការប្តេជ្ញាចិត្តរួមគ្នានៃការផ្តល់ទំនុកចិត្ត និងទស្សនវិស័យវែងឆ្ងាយ ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។”

MarComm
Author: MarComm

Leave a Reply