ជួបជាមួយលោកស្រី មាស គន្ធា អគ្គនាយិកររង ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម
ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំ លើវិស័យហិរញ្ញវត្ថុ និងធនាគារ អ្នកស្រី មាស គន្ធា បានសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ជាក្រុមហ៊ុនដែលមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងវិស័យថាមពល ប្រកបដោយជំនឿចិត្តសុទិដ្ឋិនិយមបំផុត។
ជាស្ត្រីប្រកបការងារ និងជាម្តាយដែលមានបុត្រ៣នាក់ លោកស្រី គន្ធា ពណ៌នាខ្លួនឯងថាជាស្ត្រីប្រកបអាជីពដោយក្តីជឿជាក់ថាភាពជោគជ័យ និងសុភមង្គលអាចស្វែងរកបានក្នុងជិវិតមនុស្សម្នាក់ៗដរាបណាពួកយើងប្តេជ្ញាចិត្តចំពោះគោលដៅរបស់ខ្លួនប្រកបដោយគុណធម៌។
ចាប់ផ្តើមអាជីពជា «A Dream Chaser»!
ចាប់ផ្តើមអាជីពដោយក្តីស្រមៃថា តើអ្នកចង់ក្លាយជាអ្វី ហើយ «កុំខ្លាចក្នុងការដេញតាមក្តីស្រមៃរបស់អ្នក» នេះជាដំបូន្មានដែលលោកស្រី គន្ធា នឹងផ្តល់ដល់អ្នកទើបចូលប្រលូកក្នុងការធ្វើការងារគ្រប់រូប។
បន្ទាប់ពីបញ្ចប់ការសិក្សាពីប្រទេសសិង្ហបុរី លោកស្រី គន្ធា មានតំណែងក្នុងក្តីស្រមៃមួយដែលលោកស្រីចង់បាន នោះគឺ មុខដំណែង «ជាអ្នកគ្រប់គ្រង”។
ត្បិតតែលោកស្រី គន្ធា ចាប់អាជីពដំបូងរបស់លោកស្រីជាគ្រូបង្រៀនភាសាអង់គ្លេស និងគណនេយ្យក៏ដោយ ក៏លោកស្រីមិនដែលបំភ្លេចការដើរតាមក្តីស្រមៃរបស់លោកស្រីឡើយ។ លោកស្រី បន្តអភិវឌ្ឍខ្លួនឯងដើម្បីការរីកចម្រើន។ លោកស្រី គន្ធា បានផ្លាស់ប្តូរការងារទៅធ្វើការជាលេខាប្រតិបត្តិនៅសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA ។
លោកស្រីបានបញ្ចេញយោបល់ថា ក្នុងនាមជាអ្នកចាប់ផ្តើមក្នុងអាជីពការងារដំបូង វាជារឿងសំខាន់ដែលអ្នកត្រូវតែស្រលាញ់ការងារ ខិតខំបំពេញការងារឱ្យខ្លាំងក្លា និងមានការអត់ធ្មត់ខ្ពស់ដើម្បីរៀនបន្ថែម យល់កាន់តែច្រើនបន្ថែម និងអភិវឌ្ឍខ្លួនឯង។ លោកស្រី បានបន្ថែមទៀតថា ក្នុងស្ថាប័ន លោកស្រីរ៉ាប់រងការងារតូចធំគ្រប់បែបយ៉ាង ប៉ុន្តែលោកស្រីនៅតែសប្បាយរីករាយក្នុងការធ្វើការងារទាំងនោះ។
ទំនុកចិត្ត ទទួលបានតាមរយៈភាពស្មោះត្រង់ និងលទ្ធផល។ លោកស្រី គន្ធា បានទទួលការជឿទុកចិត្តយ៉ាងខ្លាំងពីនិយោជករបស់លោកស្រី។ លោកស្រីបានបន្ត «អរគុណចំពោះការជឿទុកចិត្តរបស់ពួកគាត់មកលើរូបខ្ញុំ ទើបខ្ញុំទទួលបាននូវឱកាសទទួលខុសត្រូវកិច្ចការសំខាន់ៗជាច្រើនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស»។
មុខតំណែងក្តីស្រមៃរបស់លោកស្រីបានសម្រេចនៅពេលលោកស្រីចូលធ្វើការនៅធនាគារ ANZ Royal ដែលជាធនាគារដ៏ល្បីមួយក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលនោះ ដោយលោកស្រីបានក្លាយជា អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍ។ សមិទ្ធិផលនេះអាចសម្រេចបាន ដោយសារតែលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់លោកស្រីអស់រយៈពេល 3.5 ឆ្នាំ។
មិនមានពាក្យថាយឺតពេលក្នុងការកែបែ្រគោលដៅរបស់អ្នកទេ - ស្វែងរកដែនកំណត់នៃសក្តានុពល របស់ខ្លួនអ្នក!
លោកស្រី គន្ធា មានប្រសាសន៍ថា «ត្រូវសួរខ្ហួនឯង ថាតើអ្នកសប្បាយចិត្តនឹងការសម្រេចចិត្តរបស់អ្នកឬទេ? ហើយតើអ្នកពេញចិត្តនឹងកន្លែងដែលអ្នកនៅឬនៅ?» លោកស្រី គន្ធា បានផ្តល់ដំបូន្មានថា «កុំខ្លាចក្នុងការកំណត់គោលដៅរបស់អ្នកឡើងវិញ»។ ដំបូន្មាននេះឆ្លុះបញ្ចាំងចេញពីបទពិសោធន៍ដែលលោកស្រីធ្លាប់ឆ្លងកាត់ពាក់ព័ន្ធនឹងការកំណត់គោលដៅឡើងវិញម្តងហើយម្តងទឿត ក្នុងអំឡុងពេលជាង១០ឆ្នាំរបស់លោកស្រីនៅក្នុងអាជីពការងារជាមួយធនាគារ។
លោកស្រី គន្ធា បានឆ្លងកាត់ ការតម្លើងឋានៈ ផ្លាស់ប្តូរនាយកដ្ឋានថ្មី រៀនអ្វីថ្មី ទទួលឱកាសទៅធ្វើការនៅបរទេសជាដើម លោកស្រី គន្ធា បានរៀបរាប់ថា ជាង១០ឆ្នាំកន្លងផុតទៅដូចតែប៉ប្រិចភ្នែក។
បរាជ័យ - ជារឿងធម្មតាក្នុងជីវិត
រយៈពេលជាង២ទសវត្សរ៍នៃដំណើរការងាររបស់លោកស្រី គន្ធា មិនមែនជួបតែភាពរីករាយ និងសមប្រកបនោះទេ។
លោកស្រី គន្ធា រៀបរាប់ថា លោកស្រីបានជួបនឹងភាពបរាជ័យជាច្រើន «ប៉ុន្តែខ្ញុំមិនដែលកប់ខ្លួនឯងជាមួយនឹងការបរាជ័យនោះទេ»។
នៅក្នុងជីវិត ការបរាជ័យ និងភាពមិនសមតាមប្រាថ្នា កើតឡើងគ្រប់ពេលវេលា។ «កុំបាក់ទឹកចិត្ត ... ដូចគេលើកឡើងថា បើទ្វារមួយបិទ ទ្វារមួយទៀតនឹងបើកឱ្យអ្នក» លោកស្រី គន្ធា បន្ថែមថា ត្រូវរៀបចំខ្លួនឱ្យរួចរាល់ ដូច្នេះ «ពេលទ្វារនោះបើក ពួកយើងអាចដើរចូលដោយមានការត្រៀមខ្លួនយ៉ាងល្អ។»
លោកស្រី គន្ធា បានផ្តល់យោបល់ឱ្យចាត់ទុកការបរាជ័យ ជាគ្រូបង្រៀន «ពេលខ្លះមេរៀនដែលបានមកពីភាពបរាជ័យអាចធំធេងជាង មេរៀនដែលពួកយើងបានពីភាពជោគជ័យទៅទៀត»។
«មុននឹងឱ្យអ្នកដទៃយល់ពីពួកយើងនោះ ពួកយើងត្រូវស្វែងយល់ពីអ្នកដទៃជាមុនសិន» - ផ្នែកមួយនៃគុណតម្លៃជាអ្នកដឹកនាំ!
«ទឹកចិត្តមេត្តា» ឬការស្វែងយល់ពីអ្នកដទៃ គឺជាគុណភាពមួយនៃអ្នកដឹកនាំក្រុម។ ប៉ុន្តែ លោកស្រី គន្ធា ក៏បានបន្ថែមដែរថា ពួកយើងក៏ត្រូវរក្សាតុល្យភាពដ៏ល្អរវាងគុណតម្លៃរបស់ក្រុមហ៊ុន ភាពត្រូវការរបស់ក្រុម និងគុណតម្លៃរបស់ពួកយើងផងដែរ។
“Don’t be over-confident. Always learn and get yourself ready”, a trait for you to keep going farther.
«ចូរកុំមានមោទនភាពខ្លាំងពេកចំពោះខ្លួនឯង។ រៀន និងត្រៀមខ្លួនជានិច្ច» ជាបុគ្គលិកលក្ខណៈសម្រាប់ឱ្យអ្នកបន្តដំណើរទៅមុខបានកាន់ឆ្ងាយជាងនេះ។
ប៊ីវីអឹម - ពួកយើងមានគោលដៅរួម
«ប៊ីវីអឹម មានចក្ខុវិស័យ និងតម្លៃស្នូល ច្បាស់លាស់ និងរឹងមាំ។ ខ្ញុំចង់ឃើញ ប៊ីវីអឹម សម្រេចបាននូវបេសកកម្ម ដោយអាចក្លាយជាម៉ាកយីហោក្នុងស្រុកដែលមានការទទួលស្គាល់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអាចប្រកួតប្រជែងជាមួយម៉ាកយីយោបរទេសផ្សេងទៀតនៅលើទីផ្សារ។ ខ្ញុំគិតថាពួកយើងអាចធ្វើបាន នៅពេលដែលពួកយើងម្នាក់ៗរួមគ្នា និងប្តេជ្ញាអនុវត្តការងារដើម្បីសម្រេចបេសកកម្ម និងចក្ខុវិស័យរបស់ពួកយើង» ។ លោកស្រី ក៏បានបន្ថែមថា លោកស្រី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមគុណតម្លៃដល់គោលដៅនេះ។
- By:MarComm
- 0 comment