បំពេញភាពប្រសើរ៖ ប៊ីវីអឹម គាំទ្រកសិករដោយជាវល្ហុង១២តោន ចែកជូនអតិថិជនដោយមិនគិតថ្លៃ
ពីសហគមន៍របស់កសិករឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល រហូតមកដល់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ ផ្លែល្ហុងចំនួន ១២តោន ត្រូវបានដឹកជញ្ជូនចេញពីចំការរាប់ហិចតារបស់ប្រជាកសិករខ្មែរជាបន្តបន្ទាប់ ដែលប្រៀបបាននឹងការដកបន្លាចេញពីទ្រូងប្រជាកសិករ នៅក្នុងរដូវកាលប្រមូលផលដែលមានបរិមាណសំបូរហូរហៀរ។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានជាវផ្លែល្ហុងទាំំងនោះ ដោយយកមកចែកជូនដោយមិនគិតថ្លៃដល់រាល់អតិថិជនដែលមកចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ រៀងរាល់សប្តាហ៍ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ 2025។ សកម្មភាពនេះ គឺដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរក្នុងសហគមន៍ ក្នុងគ្រានារដូវកាលប្រមូលផលផង សំដៅកាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន ព្រមទាំងលើកស្ទួយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា និងរួមចំណែកពង្រឹងផ្សព្វផ្សាយទីផ្សារផលិលតផលក្នុងស្រុកឱ្យកាន់តែមានសន្ទុះគាំទ្រពីអតិថិជនក្នុងស្រុក។
សកម្មភាពនេះ ក៏ជាផ្នែកមួយនៃកិច្ចការងារទំនួលខុសត្រូវសង្គមដែល ប៊ីវីអឹម តែងតែចាត់ទុកថាជាផ្នែកមួយដែលផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនយើង ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនផលវិជ្ជមាន និងនិរន្តរភាពដល់សង្គម និងភាគីពាក់ព័ន្ធទាំងអស់។
លោកស្រី ស៊ូ សុភីវ៉ាន់ នាយិកាប្រតិបត្តិ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា “ចាប់តាំងពីដំណើរការនៃក្រុមហ៊ុនមក ប៊ីវីអឹម បានចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងសុខុមាលភាពរបស់សហគមន៍ ក្រោមទម្រង់ផ្សេងៗគ្នាជាច្រើនតាមរយៈការផ្តល់ និងចែករំលែក ទៅតាមវិធីសាស្រ្ត និងលទ្ធភាពរបស់ពួកយើង ដោយសង្ឃឹមថាសកម្មភាពទាំងនោះ នឹងរួមចំណែកដល់ផលវិជ្ជមានដល់សហគមន៍ទាំងមូល។
លោកស្រី បានបន្តថា “សកម្មភាពនេះ អាចឱ្យ ប៊ីវីអឹម មានឱកាសចូលរួមចំណែកក្នុងការគាំទ្រកសិកររបស់ពួកយើង ទន្ទឹមនឹងគ្នា ពួកយើងក៏អាចបង្ហាញពីអំណរគុណរបស់យើងទៅកាន់អតិថិជនដែលតែងតែគាំទ្រដល់ស្ថានីយ និងសេវាកម្មរបស់ ប៊ីវីអឹម ដោយផ្តល់ជូនពួកគាត់នូវកសិករក្នុងស្រុកដោយមិនគិតថ្លៃ”។
កសិកម្មនៅតែជាតកត្តាជំរុញសំខាន់នៃកំណើន និងជាប្រភពចំណូលចម្បងសម្រាប់ប្រជាជនខ្មែរ។ តាមរយៈការបន្តជាវល្ហុងដែលដាំដុះក្នុងស្រុក គ្មានជាតិគីមី គឺជាការចូលរួមជួយដោយផ្ទាល់ដល់ការចិញ្ចឹមជីវិតរបស់កសិករខ្នាតតូច ដែលអាចចូលរួមបង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងទីផ្សារក្នុងស្រុកផងដែរ។
លោកស្រី ស៊ូ សុភីវ៉ាន់ បានបន្តថា៖ “ប៊ីវីអឹម មានមោទនភាពដែលបានគាំទ្រកសិផលក្នុងស្រុក ក្នុងការជួយលើកកម្ពស់ដល់កសិករខ្មែរ ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់កូនខ្មែរ។ ប៊ីវីអឹម ប្តេជ្ញាបន្តនូវរាល់សកម្មភាពដែលបានចូលរួមក្នុងការផ្តល់ត្រឡប់ទៅកាន់សកម្មភាពដែលសហគមន៍វិញទៅតាមលទ្ធភាពរបស់ពួកយើង។
លោក សុខ រតនៈ ដែលជាអតិថិជន មកចាក់ប្រេងឥន្ធនៈ នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ និងទទួលផ្លែល្ហុង បានបញ្ចេញមតិថា “ខ្ញុំគិតថា សកម្មភាពរបស់ ប៊ីវីអឹម គឺ ជាគំរូដ៏ល្អសម្រាប់អាជីវកម្មផ្សេងទៀត ព្រោះគាត់ព្យាយាមជួយជ្រោមជ្រែង និងគាំទ្រកសិផលក្នុងស្រុករបស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសក្នុងអំឡុងស្ថានភាពប្រមូលផល ដែលអាចមានបរិមាណច្រើន”។
លោក បានបន្តថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអតិថិជនមួយរូបរបស់ ប៊ីវីអឹម ខ្ញុំពិតជាត្រេតអរយ៉ាងខ្លាំង នៅពេលឃើញខ្មែរចេះជួយខ្មែរ រួមសាមគ្គី ក្នុងគ្រាលំបាក។ ខ្ញុំក៏បានចូលរួមចំណែកជាមួយ ប៊ីវីអឹម ក្នុងសកម្មភាពគាំទ្រកសិផលក្នុងស្រុក ដោយមកចាក់សាំង ដើម្បីទទួលបានផ្លែល្ហុងហ្រ្វី ល្ហុងរបស់បងប្អូនខ្មែរយើង គ្មានជាតិគីមី”។
- By:MarComm
- 0 comment
Leave a Reply