ប៊ីវីអឹម អបអរការបើកដំណើរ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ផ្អាវ ក្នុងការពង្រីកភាពជាដៃគូដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់សហគមន៍

News | July 27, 2026 | By: MarComm

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានមោទនភាពក្នុងការប្រកាសការបើកដំណើរការស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ផ្អាវ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ នេះ ឆ្លុះបញ្ចាំងពីជំនឿជាក់របស់ ប៊ីវីអឹម ក្នុងការបន្តការរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបង្កើតដៃគូអាជីវកម្មក្នុងស្រុកដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបម្រើសហគមន៍កម្ពុជា។

ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ផ្អាវ គឺជាស្ថានីយស្តង់ដាទីពីរ ដែលដំណើរការក្រោមបណ្តាញស្ថានីយហ្វ្រេនឆាយរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដា ដើម្បីបំពេញសុវត្ថិភាព គុណភាព និងឧត្តមភាពប្រតិបត្តិការដល់អតិថិជន។

លោកស្រី ស៊ូ សុភីវ៉ាន់ បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូថា “រាល់ភាពជាដៃគូអាជីវកម្ម គឺជាសមិទ្ធផលដ៏ធំធេងចំពោះបេសកកម្មរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ។ ប៊ីវីអឹម ប្តេជ្ញាគាំទ្រសហគ្រិនដែលមានសមត្ថភាព និងមានបំណងចង់រីកចម្រើនជាមួយពួកយើង ដោយផ្តល់នូវម៉ាកយីហោដែលគួរឱ្យទុកចិត្ត ស្តង់ដាប្រតិបត្តិការខ្ពស់ ការគាំទ្រផ្នែកបច្ចេកទេស និងការផ្សព្វផ្សាយផ្សេងៗ។ តាមរយៈភាពជាដៃគូនេះ យើងអាចសម្រេចបាននូវការរីកចម្រើនប្រកបដោយចីរភាព ខណៈនាំមកនូវដំណោះស្រាយថាមពលដែលមានគុណភាព និងភាពងាយស្រួលឱ្យកាន់តែខិតជិតសហគមន៍កម្ពុជាកាន់តែច្រើន”។

លោកស្រីបានបន្ថែមថា "ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ដែលស្ថិតក្រោមបណ្តាញហ្វ្រេនឆាយនីមួយៗតំណាងឱ្យការពង្រីកអាជីវកម្មច្រើនជាងការរំពឹងទុក ឆ្លុះបញ្ចាំងពីទំនុកចិត្តដែលដៃគូរបស់យើងមានចំពោះ ប៊ីវីអឹម និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់គុណតម្លៃដល់អតិថិជន។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម មកកាន់បណ្តាញស្ថានីយដែលកំពុងរីកចម្រើនរបស់យើង ហើយនឹងទន្ទឹងរង់ចាំការសម្រេចបាននូវភាពជោគជ័យយូរអង្វែងជាមួយគ្នា"។

ទន្ទឹមនឹងនេះ ប៊ីវីអឹម សូមស្វាគមន៍សហគ្រិនដែលចែករំលែកការប្តេជ្ញាចិត្ត និងឧត្តមភាព ស្រដៀងគ្នា ដើម្បីចូលរួមបណ្តាញហ្រ្វេនឆាយ ដែលកំពុងពង្រីកខ្លួននេះ។ តាមរយៈការធ្វើការរួមគ្នា ប៊ីវីអឹម និងដៃគូអាជីវកម្មរបស់ខ្លួនអាចពង្រឹងលទ្ធភាពលក់រាយថាមពលរបស់ប្រទេសកម្ពុជា ខណៈបង្កើតឱកាសអាជីវកម្មប្រកបដោយចីរភាពសម្រាប់ឆ្នាំខាងមុខ។

នៅឆ្នាំ ២០២៣ ប៊ីវីអឹម បានបើកដំណើរការស្ថានីយស្តង់ដាគំរូដំបូងរបស់ខ្លួន នៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល តាមដោយស្ថានីយបន្តនៅក្នុងខេត្តត្បូងឃ្មុំ ក្រុងសួង បន្ទាប់មក ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អន្លង់វិល ក្នុងខេត្តបាត់ដំបង ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កោះនរា ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក និងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម សែនសុខ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី ២៥ មិថុនា ឆ្នាំ២០២៦ បើកដំណើរការ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កួរស្រូវ ដែលស្ថិតក្រោមសិទ្ធិផ្តាច់មុខបំពាក់ពាណិជ្ជសញ្ញា ប៊ីវីអឹម។ ការបើកដំណើរការស្ថានីយប្រេងនីមួយៗ គឺជាជំហានមួយឆ្ពោះទៅរកការបំពេញចក្ខុវិស័យរបស់ ប៊ីវីអឹម ក្នុងការរីកចម្រើនប្រកបដោយចីរភាព និងសេវាកម្មទូទាំងប្រទេស។

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨ មក។ ប៊ីវីអឹម ជាក្រុមហ៊ុនដែលមានជំនាញ និងបទពិសោធន៍ក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតដែលមានគុណភាពខ្ពស់ បានបង្កើតឡើងដោយភាគហ៊ុនិកជាជនជាតិកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល។

MarComm
Author: MarComm

Leave a Reply