ប៊ីវីអឹម ឈ្នះពានរង្វាន់ការប្រកួតបាល់ទាត់ "សួស្តីខាប់" រដូវកាលទី ៣
ក្រុមបាល់ទាត់ ប៊ីវីអឹម បានបង្កើតប្រវត្តិថ្មី ដោយទទួលបានជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់បាល់ទាត់ "សួស្តីខាប់" រដូវកាលទី ៣ ដែលធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមានក្រុមចំនួនបួនបានចូលរួមក្នុងការប្រកួត។
ការប្រកួតបាល់ទាត់ពានរង្វាន់ "សួស្តីខាប់" រៀបចំឡើងដោយ Suosdey Works ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មឈានមុខគេ ជាពិសេសផ្នែកវិស្វកម្មប្រេង និងឧស្ម័ន។ ការប្រកួតនេះមានគោលបំណងពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននៅក្នុងឧស្សាហកម្មថាមពល ប្រេង និងឧស្ម័ន។
ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ ប៊ីវីអឹម បានប្រកួតប្រជែងយ៉ាងស្វាហាប់ជាមួយក្រុមបាល់ទាត់ ក្រសួងរ៉ែ និងថាមពល ហើយទទួលបានជ័យជំនះជាលទ្ធផល ៥ ទល់នឹង ០។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមបាល់ទាត់ ប៊ីវីអឹម ទទួលបានមេដាយមាស រួមជាមួយនឹងប្រាក់រង្វាន់ចំនួន ២ ០០០ ដុល្លារអាមេរិក។
លោក គា គីសាន់សីហា កីឡាករនៃក្រុមបាល់ទាត់ ប៊ីវីអឹម បាននិយាយថា “នេះជាឆ្នាំដំបូងដែលក្រុមបាល់ទាត់ ប៊ីវីអឹម បានចូលរួមក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ "សួស្តីខាប់" ហើយបានបង្ហាញសមត្ថភាពយ៉ាងល្អប្រសើរ ជាពិសេសក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ ក្រៅពីមេដាយមាស និងប្រាក់រង្វាន់ ពួកយើងក៏បានឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេ និងពាន់រង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេផងដែរ”។
លោក សីហា បានបន្តទៀតថា "ជ័យជំនះរបស់ ប៊ីវីអឹម នៅឆ្នាំនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្ត សាមគ្គីភាព របស់សមាជិកក្រុមទាំងមូល ដែលនេះជាកម្លាំងចិត្តជំរុញឱ្យពួកយើងនឹងបន្តចូលរួមការប្រកួតនៅរដូវកាលក្រោយទៀត"។
- By:MarComm
- 0 comment
Leave a Reply