ប៊ីវីអឹម ស្វាគមន៍វត្តមានរបស់ GO Artisan Bakery & Café នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានទទួលស្វាគមន៍ជាផ្លូវការយ៉ាងកក់ក្តៅ នូវវត្តមានរបស់ហាង ហ្គោ មកកាន់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម អូឡាំពិក កាលពីថ្ងៃទី២ ខែមីនា ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការ រវាងម៉ាកយីហោក្នុងស្រុកដ៏មានមោទនភាពទាំងពីររបស់កម្ពុជា។
វត្តមានសាខាថ្មីរបស់ ហ្គោ នាំមកនូវជម្រើសនំបុ័ង នំក្រសង់ និងនំផ្សេងទៀតយ៉ាងច្រើនសម្បូរបែប ដែលត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត រួមជាមួយកាហ្វេឈ្ងុយឆ្ងាញ់ដែលដាំដុះដោយផ្ទាល់នៅលើទឹកដីខេត្តមណ្ឌលគីរី មកបម្រើជូនសហគមន៍នៅម្តុំអូឡាំពិក។
នេះជាសាខាទី២ របស់ ហ្គោ ជាមួយស្ថានីយប្រេងឥន្ធនៈ ស្តង់ដា ប៊ីវីអឹម បន្ទាប់ពីទទួលបានជោគជ័យពីសាខាដំបូងរបស់ខ្លួន នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម បឹងកក់ ដែលបានបើកដំណើរការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។ ក្នុងនាមជាម៉ាកយីហោក្នុងស្រុកដ៏លេចធ្លោមួយ ស្ថិតក្រោមដំបូលរបស់ក្រុមហ៊ុន ថាលាស (Thalias Co.,Ltd.) ដែលជាសម្ព័ន្ធក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏មានកេរ្តិ៍ឈ្មោះ និងជាម្ចាស់អាជីវកម្មល្បីៗដូចជា ថូផាស (Topaz) ខេម៉ា និង ម្លិះ ហ្គោ នៅតែបន្តពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសកម្ម ដោយនាំមកនូវគុណភាពខ្ពស់ រួមជាមួយភាពច្នៃប្រឌិតយ៉ាងផ្ចិតផ្ចង់ក្នុងសិល្បៈនៃការធ្វើនំ។
សម្រាប់ ប៊ីវីអឹម កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការបង្កើននូវឧត្តមភាពនៃសេវាកម្ម និងភាពងាយស្រួលជូនដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុនខ្មែរពីរ ក្នុងគោលដៅលើកកម្ពស់ម៉ាកយីហោក្នុងស្រុក និងបង្កើតនូវមជ្ឈមណ្ឌលសេវាកម្មដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងតម្រូវការរបស់សហគមន៍។
លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកានៃក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានលើកឡើងថា៖ “ស្ថានីយប្រេងឥន្ធនៈ មិនគួរត្រឹមតែជាទីកន្លែងសម្រាប់ចាក់បំពេញប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែ គឺទីតាំងដ៏សំខាន់សម្រាប់បំពេញតម្រូវការសហគមន៍ទាំងមូលផងដែរ”។ លោកស្រី បានបន្តថា “ពួកយើងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្មារតីសហគមន៍ ដោយធានាថាស្ថានីយរបស់ពួកយើង គឺជាមជ្ឈមណ្ឌលដែលឱ្យអ្នកដំណើរអាចឈប់សម្រាក និងសហគមន៍អាចផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា និងគ្នាបាន។ ហេតុដូច្នេះហើយ ស្ថានីយនីមួយៗត្រូវបានរចនាឡើងយ៉ាងហ្មត់ចត់ ដែលមិនមែនត្រឹមតែជាកន្លែងសម្រាប់ចាក់បំពេញប្រេងប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ទិដ្ឋភាពទាំងអស់ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់បទពិសោធន៍របស់អតិថិជន និងធានាថា រាល់ការចាកចេញរបស់ពួកគាត់បន្ទាប់ពីប្រើប្រាស់សេវាកម្មក្នុងស្ថានីយរបស់ពួកយើង គឺពោរពេញទៅដោយស្នាមញញឹម”។
លោកស្រី សុភីវ៉ាន់ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយ ហ្គោ នៃក្រុមហ៊ុន ថាលាស បានឆ្លុះបញ្ចាំងពីតម្លៃរួមគ្នានៃក្រុមហ៊ុនក្នុងស្រុកទាំងពីរ ដែលប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ផលិតផលខ្មែរ។ លោកស្រីបានបន្ថែមទៀតថា៖ “ការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា ហ្គោ គឺជាការធានានូវការរីកចម្រើនទៅមុខជាមួយគ្នា និងការជំរុញម៉ាកយីហោផលិតផលខ្មែរឱ្យកាន់តែមានភាពលេចធ្លោខ្លាំងឡើងនៅក្នុងទីផ្សារក្នុងស្រុក តាមរយៈការផ្តល់ជូននូវសេវាកម្ម ប្រកបដោយគុណភាពខ្ពស់ និងបទពិសោធន៍ដ៏ល្អឥតខ្ចោះជូនដល់អតិថិជនកម្ពុជា”។
ក្នុងពេលឆាប់ៗខាងមុខនេះ ហាង ហ្គោ នឹងបើកសាខាថ្មីមួយទៀតនៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម កោះនរា ដែលនេះគឺជាការបន្តបេសកកម្មរបស់ ប៊ីវីអឹម ក្នុងការបង្កើតស្ថានីយពហុបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់សហគមន៍។
បច្ចុប្បន្ននេះ អតិថិជនអាចអញ្ចើញមកទទួលយកបទពិសោធន៍នៃរសជាតិនំ និងកាហ្វេរបស់ ហ្គោ បាននៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម បឹងកក់ និងអូឡាំពិក។
- By:MarComm
- 0 comment
Leave a Reply