ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោ សែនជ័យ

CSR News | August 26, 2025 | By: MarComm

ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៊ីវីអឹម មានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម និងក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោ សែនជ័យ កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា នៅកីឡដ្ឋានបាល់ទាត់ AIA Stadium KMH Park ។

នេះជាលើកទីមួយហើយដែល​ ប៊ីវីអឹម បានចូលរួមសហការ និងឧបត្ថម្ភក្លឹបបាល់ទាត់ជាផ្លូវការ។ ប៊ីវីអឹម ចាត់ទុកថានេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចការងារទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍនភាពជាដៃគូ។

លោកស្រី មាស គន្ធា នាយិការង ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៊ីវីអឹម មានប្រសាសន៍ថា "ការសហការនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប៊ីវីអឹម មានមោទនភាពក្នុងការរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងស្រុក និងមានជំនឿយ៉ាងមុតមាំថា ក្រុមបាល់ទាត់កម្ពុជា មានសក្តានុពលអាចចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់នៅលើឆាកអន្តរជាតិ"។

លោកស្រីបានបន្តថា “ កន្លងមក ប៊ីវីអឹម បានចូលរួមក្នុងកិច្ចការងារទំនួលខុសត្រូវសង្គមជាច្រើន ក្រោមរូបភាពដែលយើងអាចធ្វើដោយផ្ទាល់ផង  និងដោយចាប់ដៃគូសហការជាមួយស្ថាប័ននានាផង។ ទំនួលខុសត្រូវសង្គម និងការពង្រឹងភាពជាដៃគូសហការ ជាផ្នែកមួយដ៏សំខាន់ដែលផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងក្នុងចក្ខុវិស័យរបស់ ប៊ីវីអឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតវិជ្ជមាន និងនិរន្តរភាពដល់សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់”។

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេមួយនៅក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល មានឯកទេសក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតគុណភាពខ្ពស់។

MarComm
Author: MarComm

Leave a Reply